-ខ្មែរ-​ថៃ​ប្រារព្ធ​ពិធី​លើក​លែង​ទិដ្ឋាការ


ខ្មែរ-​ថៃ​ប្រារព្ធ​ពិធី​លើក​លែង​ទិដ្ឋាការ
ដោយ សួន សុផលមុន្នី
2010-12-16

ព្រះរាជាណាចក្រ ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ បាន​ប្រារព្ធ​​ពិធី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន​ សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ​ឯកភាព​ រួច​មក។



អភិបាល ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន (ឆ្វេង) ចាប់​ដៃ​ជាមួយ​អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី ក្នុង​ពិធី​ប្រកាស​លើក​លែង​ទិដ្ឋាការ​រវាង​ប្រទេស​កម្ពុជា-​ថៃ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១០។

ទិវា​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ​បាន​ធ្វើ​ឡើង​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-​ថៃ រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះកែវ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៩​មក។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​ថា នយោបាយ​លើកលែង​ទិដ្ឋាការ​ឆ្លង​ដែន​នេះ មាន​សារប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស ៖ «មាន​ផលប្រយោជន៍​ ច្រើន​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។ កាល​ពី​ដើម​យើង​ជិះ​ឡាន​ពី​នេះ​ទៅ​ដល់​ភ្នំពេញ ធ្វើ​វីសា​នៅ​ភ្នំពេញ បាន​បក​មក​វិញ រយៈ​ពេល​យ៉ាង​ឆាប់​បំផុត ៤​ថ្ងៃ ទៅ ១​សប្ដាហ៍ បច្ចុប្បន្ន​យើង​មាន​លិខិត​ឆ្លង​ដែន​១ ចង់​ទៅ​ប្រទេស​ថៃ វ៉ៃ​តែម្ដង​មិន​បាច់​ឆ្លង​កាត់។ ប្រជាជន​ថៃ ដូចគ្នា​អ៊ីចឹង ធ្វើ​កំណើន​សេដ្ឋកិច្ច​ពិត​ជា​មាន​ការ​កើត​ឡើង ទី​១ ពី​វិស័យ​ទេសចរណ៍ ទី​២ ការ​ផ្លាស់ប្ដូរ​អ្វីៗ​ផ្សេងៗ​ទៀត វា​ជា​ការងាយ​ស្រួល»។

អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី បាន​មាន​ប្រសាសន៍​ថា ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស គឺ​ក្នុង​ទិស​ដៅ​បង្កើន​នូវ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-​ថៃ​បន្ថែម​ទៀត និង​គោលដៅ​ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ លោក​អភិបាល​ខេត្ត​ស្រះកែវ​ថៃ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ទៅ​ទស្សនា​ក្នុង​ប្រទេស​ថៃ និង​ជំរុញ​ប្រជាពលរដ្ឋ​ថៃ ឆ្លង​ដែន​ទៅ​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ដូច​គ្នា ៖ «ស្រប​ពេល​ជាមួយ​គ្នា ​នេះ ភាគី​ថៃ ឆ្លង​មក​លេង​ទឹក​ដី​កម្ពុជា ឆ្លៀត​ឱកាស​នេះ​សុំ​អញ្ជើញ​បង​ប្អូន​កម្ពុជា ឆ្លង​មក​លេង​ខាង​ស្រុក​ថៃ ព្រោះ​ថា ខាង​ស្រុក​ថៃ ជា​ពិសេស​ខេត្ត​ស្រះកែវ ក៏​មាន​កន្លែង​ទេសចរណ៍​ស្អាត​ល្អ​ក៏​គួរ​ឲ្យ​ដើរ​លេង​ច្រើន​​ដែរ ហើយ​ភាគី​ថៃ សុំ​ជួយ​សម្រួល​ក្នុង​ការ​ឆ្លង​កាត់​ឲ្យ​បាន​ងាយ​ស្រួល»។

មន្ត្រី​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស គឺ​មាន​សារសំខាន់​ដល់​វិស័យ​ទេសចរណ៍ ព្រោះ​កន្លង​មក​ការ​តម្រូវ​ឲ្យ​មាន​ការ​បង់​ថ្លៃ​ទិដ្ឋាការ ត្រូវ​ចំណាយ​ទាំង​ថវិកា និង​ពេល​វេលា ៖ «អ៊ីចឹង​ភ្ញៀវ​ទេសចរណ៍​ថៃ ចូល​មក​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៦ (ធ្នូ) នេះ​ត​ទៅ ដោយសារ​តែ​យើង​អត់​មាន​ធ្វើ​វីសា​ដូច​មុន​ទេ ពី​កន្លង​មក​ភ្ញៀវ​ថៃ ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​គឺ​ត្រូវ​ធ្វើ​វីសា»។

អភិបាល​ខេត្ត​ស្រះកែវ លោក សានិត ណាក់ ស៊ុបស្រ៊ី បាន​មាន​ប្រសាសន៍​ថា នយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​រដ្ឋាភិបាល​កម្ពុជា-​ថៃ នឹង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ថៃ រួម​ទាំង​ទេសចរណ៍​ជាតិ​សាសន៍​ដទៃ​ទៀត មាន​លំហូរ​កើន​ឡើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​ឆ្លង​ដែន​ពី​ទឹក​ដី​ថៃ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​មួយឆ្នាំ​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ ហើយ​ចំនួន​ប្រជាពលរដ្ឋ​ថៃ ដែល​ឆ្លង​ដែន​មក​លេង​កាស៊ីណូ​ក្នុង​ទឹក​ដី​ខ្មែរ មាន​ចំនួន​ពី ៥៥​ម៉ឺន​នាក់ ទៅ ៦០​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ។

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes