ច័ន្ទ, 17 មករា 2011 17:10
បន្ទាយមានជ័យ ៖ អគ្គស្នងការនគរបាលជាតិ លោកនាយឧត្ដមសេនីយ៍នេត សាវឿន ប្រកាសនៅក្នុងពិធីតែងតាំងស្នងការនគរបាលថ្មីនៅខេត្តបន្ទាយមាន ជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករានេះ បានសម្ដែងការ សោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើប៉ូលិសខ្លះដែលធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះប៉ូលិសទូទាំង ប្រទេស។
ខ្ញុំមិនគាំទ្រចំពោះទង្វើប៉ូលិសណា ដែលប្រព្រឹត្តល្មើសច្បាប់ធ្វើឲ្យខូចមុខមាត់រាជរដ្ឋាភិបាល និង មុខមាត់ប៉ូលិសទូទាំងប្រទេសដែលគេធ្វើល្អ។ ដូច្នេះទង្វើរបស់ប៉ូលិសណាក៏ដោយឲ្យតែប្រព្រឹត្តល្មើសច្បាប់ ត្រូវតែផ្ដន្ទាទោសមិនអាចអត់ឱនបានឡើយ ទោះបុគ្គលនោះស័ក្ដិប៉ុណ្ណា ឬខ្នងប៉ុណ្ណាក៏ដោយ។
លោកនេត សាវឿន បានផ្ដាំផ្ញើឲ្យស្នងការដែលឡើងថ្មី ត្រូវប្ដេជ្ញាចិត្តឲ្យធ្វើល្អ ដើម្បីលើកមុខមាត់ប៉ូលិសដែលធ្លាក់ចុះក្នុងប៉ុន្មានសប្ដាហ៍នេះ ហើយពង្រឹងកេរ្ដិ៍ឈ្មោះប៉ូលិសឡើងវិញ តាមរយៈការពង្រឹងសន្ដិ សុខជូនប្រជាពលរដ្ឋឲ្យបានល្អ និងសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីជាប្រយោជន៍ប្រជាពល រដ្ឋទូទៅ។
លោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យបាននិយាយនៅក្នុងពិធីនោះថា អ្នកដែលឡើងកាន់ តំណែងថ្មី គឺជាតម្រូវការចាំបាច់សម្រាប់ធ្វើឲ្យសន្តិសុខនៅក្នុងខេត្តនេះ ទាំងមូលបានប្រសើរឡើង។ លោក អ៊ុង អឿននិយាយថា ខេត្តរបស់យើងកំពុងត្រូវការអ្នកខ្លាំងពូកែដើម្បីជួយការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅ ក្នុងខេត្តនេះទាំងមូលសម្រាប់ប្រជាពលរដ្ឋ។
តំណែងដែលត្រូវឡើងកាន់ជាស្នងការថ្មីនៅខេត្ត បន្ទាយមានជ័យ គឺលោកខេង ស៊ុំ មកពីស្នងការរងខេត្តសៀមរាប។ លោកស្នងការថ្មីរូបនេះ បានឡើងប្ដេជ្ញាចិត្តថា នឹងពង្រឹងសមត្ថភាពប៉ូលិសឡើងវិញ ដើម្បីលើកមុខមាត់ប៉ូលិសដែលបានអាប់ឱនកន្លងមក តាមរយៈការព្យាយាមនិងខំប្រឹងការពារសន្តិសុខ ជូនប្រជាជននៅក្នុងខេត្តនេះទាំងមូល៕
ឫទ្ធី- អ.ពៅ