-ប្រជាពលរដ្ឋភូមិប្រាសាទត្បែងបារម្ភខ្លាចបាត់បង់ដី

អ្នក​ភូមិ​នៅ​បន្ទាយមានជ័យ​បារម្ភ​ខ្លាច​បាត់បង់​ដី
ដោយ សួន សុផលមុន្នី
2010-12-11

អ្នក ​ភូមិ​ជិត ៥០០​គ្រួសារ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ ហ៊ុមព័ទ្ធ​យក​ដី​របស់​ពួកគាត់ ដែល​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អ្នក ​ភូមិ​ជាយ​ដែន​ជា​ច្រើន​រយ​គ្រួសារ បាន​ជួប​ប្រជុំ​គ្នា​នៅ​វត្ត​ប្រាសាទត្បែង ក្នុង​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ទាមទារ​យក​ដី​ស្រែ​របស់​ពួកគាត់​មក​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី ​ទាំង​នោះ​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច កាល​ពី​ពេល​ថ្មីៗនេះ។

លោក សូត្រ អ៊ីម អាយុ ៣៧​ឆ្នាំ រស់​នៅ​ភូមិ​ប្រាសាទត្បែង ឃុំ​បន្ទាយឆ្មារ បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១០​នេះ ក្រុមហ៊ុន លាង ប៊ូ បាន​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​ស្រែ​ចំនួន ១.៧៨៣​ហិកតា​របស់​អ្នក​ភូមិ​ប្រាសាទត្បែង ៤៨០​គ្រួសារ ទើប​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​ធ្នូ​នេះ ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​ជួប​ប្រជុំ​គ្នា​តវ៉ា​នៅ​វត្ត​ប្រាសាទ​ត្បែង។

លោក សូត្រ អ៊ីម បន្ថែម​ថា ៖ «ដី​ស្រែ​ទាំង​អស់​អត់​មាន​ជា​ដី​ព្រៃ​អី ​ទេ ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ប្រាសាទត្បែង ចំនួន ៤៨០​គ្រួសារ ដើម្បី​កាក់​គ្រឿងចក្រ មិន​ឲ្យ​កាយ​បន្ត​ទៅ​ទៀត ប៉ុន្តែ​វា​កាយ​ទី​លាន​ចម្ងាយ​ពី​ផ្លូវ ៥០០​ម៉ែត្រ ៤​ជ្រុង ដើម្បី​ដាក់​គ្រឿងចក្រ។ សំណូមពរ​សុំ​ឲ្យ​ជួយ​កុំ​ឲ្យ​ក្រុមហ៊ុន​យក​ដី​ប្រជាពលរដ្ឋ​ច្រើន​ហួស​ហេតុ​ ពេក បើ​ថា យក​ទំហំ​ធំ​បែប​នេះ ប្រជាជន​នៅ​តំបន់​ដាច់​អស់​ហើយ»។

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ពួកគាត់​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​លើ​ដី​ស្រែ​នោះ​ក្នុង​មួយ​គ្រួសារៗ ទំហំ ៥​ហិកតា តាំង​ពី​ឆ្នាំ​១៩៩៨​មក ក្រោយ​ពី​មាន​ការ​បែងចែក​របស់​លោក​ឧត្ដមសេនីយ៍​ត្រី សូ ចាន់ហេង លុះ​ដល់​ឆ្នាំ​២០០៨ ក្រុមហ៊ុន លាង ប៊ូ បាន​ឃើញ​ដី​ស្រែ​ទាំង​នោះ​វាល​អស់​ព្រៃ ក៏​សុំ​អាជ្ញាប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល​ធ្វើ​យក​ដី​នោះ​ធ្វើ​ដី​សម្បទាន​ សេដ្ឋកិច្ច ៖ «ប្រជាជន​មួយ​គ្រួសារ​មាន​តែ ៥​ហិកតា​ទេ ដល់​ក្រុមហ៊ុន​យក​អស់​រលីង ប្រជាជន​កំពុង​ច្របូកច្របល់ ហើយ​ទាំង​គេ​ទាំង​ខ្ញុំ​អត់​មាន​អី​ពឹង​ទេ មាន​តែ​ស្រែ ៥​ហិកតា ហើយ ៥​ហិកតា​ចំនួន​កូន​ចៅ​ទាំង​អស់​មាន​ដល់ ៦​នាក់ ៧​នាក់ ដូច្នេះ​ក្រុមហ៊ុន​ធ្វើ​ដូច្នេះ​ងាប់​អស់​ហើយ​អ្នក​ស្រុក»។

តំណាង​ក្រុមហ៊ុន លាង ប៊ូ មិន​អាច​សុំ​ការ​បញ្ជាក់​ទាក់ទិន​ការ​អះអាង​របស់​អ្នក​ភូមិ​នេះ​បាន​ទេ ហើយ​ក៏​មិន​មាន​ប្រភព​ណា​បញ្ជាក់​ថា ក្រុមហ៊ុន លាង ប៊ូ នេះ ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ធ្វើការ​វិនិយោគ​លើ​ដី​នៅ​តំបន់​នោះ​ប៉ុន្មាន​ហិកតា និង​មាន​កុងត្រា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។ ប៉ុន្តែ​លោក វ៉ាត ហាន មេ​ឃុំ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន លាង ប៊ូ មាន​គម្រោង​យក​ដី​នៅ​តំបន់​ចំនួន ១.៧០០​ហិកតា ដើម្បី​ធ្វើការ​វិនិយោគ ប៉ុន្តែ​មិន​ដឹង​ថា វិនិយោគ​លើ​ដំណាំ​អ្វី​នោះ​ទេ។

លោក​មេ​ឃុំ​បន្ត​ថា គម្រោង​វិនិយោគ​លើ​ដី​នៅ​តំបន់​នោះ​របស់​ក្រុមហ៊ុន បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​អ្នក​ភូមិ ដែល​បាន​កាន់កាប់​ច្រើន​ឆ្នាំ​មក​ហើយ ៖ «មែន​ទែន​ទៅ​វា​ដោយ​ដី​ ប្រជាពលរដ្ឋ​ហ្នឹង​វា​ច្រើន បើ​កាល​និយាយ​ដើម​ដំបូង​អត់​ទេ ថា​ដី​ព្រៃ​សុទ្ធ អា​ហ្នឹង​បាន​ធ្វើ​ដី​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ គេ​គ្រាន់តែ​ក្រុមហ៊ុន​នោះ​ដាក់​ច្បាប់​ក្រោយ​ពលរដ្ឋ​ទេ ពលរដ្ឋ​បាន​ប្រើប្រាស់​ហ្នឹង​យូរ​ឆ្នាំ​ហើយ តែ​ដល់​ពេល​ក្រុមហ៊ុន​ដាក់​ច្បាប់​ទៅ អា​ទំហំ​ច្បាប់​របស់​ក្រុមហ៊ុន​ហ៊ុមព័ទ្ធ​ដី​របស់​ប្រជាពលរដ្ឋ»។

ទាក់ទិន​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​នឹង​ដឹក​នាំ​ក្រុម​ការងារ​ចម្រុះ​មួយ​ចុះ​ទៅ​ពិនិត្យ​ដី​នៅ​ តំបន់​នោះ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ដី​ពិត​ប្រាកដ ៖ «យើង ​នឹង​ហៅ​មន្ត្រី​ជំនាញ​ទាំង​អស់​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង អ្នក​ណា​ដែល​អត់​ដី​ពិត​ប្រាកដ យើង​ស្រាវជ្រាវ​រក​ប្រវត្តិ​ថា គាត់​អត់​មាន​ដី​ពិតប្រាកដ ហើយ​មនុស្ស​នោះ​នៅ​យូរ​មែន ឬ​ក៏​ទើប​មក​នៅ? នៅ​យូរ​យើង​គិត​រឿង​ផ្សេង បើ​ថា ទើប​មក​នៅ មក​ចាប់​ដី​ខ្លួន​ឯង អា​ហ្នឹង​យើង​គិត​រឿង​ផ្សេង»។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ុំ ចាន់គា បាន​គាំទ្រ​ចំពោះ​ការ​ថ្លែង​បញ្ជាក់​របស់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ជួយ​ ដោះស្រាយ​ជូន​ក្រុម​អ្នក​ភូមិ។ ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គិតគូរ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ ខ្លាំង​ជាង​ផលប្រយោជន៍​បុគ្គល​របស់​ក្រុមហ៊ុន៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes