-ធ្វើពិធី​ផ្សព្វ​ផ្សាយ​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស

បន្ទាយមានជ័យៈ ធ្វើពិធី​ផ្សព្វ​ផ្សាយ​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការរំលោភ​បំពាន​អនិតិជន​អាយុ​ក្រោម​១៥ឆ្នាំ
នៅ ​បរិវេណ​សាលាក្រុង​សិរីសោភ័ណ​ មាន​ធ្វើ​ពិធីផ្សព្វ​ផ្សាយ​ និង​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​ជួញ​មនុស្ស​ ក្រោម​ប្រធាន​បទ​ "យើង​រួប​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្រ្តី និង​កុមារ" ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការ​ (ស៊ីដូ) ដែល​បាន​​សហការ​ជាមួយ​សាលា​ក្រុង​សិរី​សោ​ភ័ណ​ នៃ​ខេត្ត​បន្ទាយ​មានជ័យ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកជំទាវ ជូ ប៊ុន អេង រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ លោកស្រី នួម សុភ័ណ អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ​ រាគ្រី អភិបាល​ក្រុង​សិរីសោភ័ណ លោក ស្នងការ​ លោក​ប្រធាន​ការិយាល័យ​ការពារ​អនិតិជន​ខេត្ត សិស្សានុសិស្ស ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ចំនួន ១៥០០នាក់ បាន​អញ្ជើញ​ចូល​រួម​​ក្នុង​ពិធី​នេះ​ផង​ដែរ កាល​ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

លោក គង់ សំណាង នាយក​អង្គការ​ ស៊ីដូ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​នេះថា ឆ្លៀតឱកាស​ដ៏​មាន​សារៈ​សំខាន់​នេះ អង្គការ ស៊ីដូ ដែល​ជា​អង្គការ​ជាតិ ដោយ​បានបង្កើត​ឡើង​តាំងពីឆ្នាំ​ ១៩៩៥ ហើយ​ធ្វើ​ជា​ដៃគូរ​អភិវឌ្ឈន៍​ជាមួយ​រដ្ឋាភិបាល ជា​ពិសេស​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។ ថ្ងៃនេះ អង្គការ​ ស៊ីដូរ មាន​មោទ​នៈ​ភាព ដោយ​បាន​ទទួល​​ការ​គាំ​ទ្រ​ថវិការ​ពី​សហភាព​អឺរុប​(EU) ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ជា​ពិសេស​ទៅ​លើ​ស្រ្តី និង​កុមារ យើង​ត្រូវ​តែ​រួប​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្រ្តី និងកុមារ។

លោក ​បាន​និយាយ​បន្ត​ទៀត​ថា អង្គការ​ ស៊ីដូ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ជួញ​ដូរ​​មនុស្ស​ ដោយ​ធ្វើ​ការអប់​រំ​ផ្សព្វ​ផ្សាយ​ផ្ទាល់ និង​ប្រយោល​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពីគ្រោះ​ថ្នាក់​ ឬ​ប៉ះ​ពាល់​នៃ​ការ​ជួញ​ដូរ​មនុស្ស ​អំពើ​ហិង្សា​ក្នុងគ្រួសារ មេរោគ​អេដស៍ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​អសន្តិ​ភាព និង​ផល​ប៉ះ​ពាល់​នៃការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​គ្រឿង​ស្រវឹង។
ជា ​មួយ​គ្នា​នេះ​ដែរ លោក អ៊ុំ រាគ្រី អភិបាល​ក្រុង​សិរីសោភ័ណ បាន​ឡើង​អាន និង​មាន​ចំណាប់​អារម្មណ៍​ថា ប្រទេស​កម្ពុជា​យើង​ នៅ​ពេលនេះ មាន​ឧក្រិដ្ឋ​ជន​មួយ​ចំនួន​ បាន​​ប្រព្រឹត្ត​អំបើ​ជួញ​ដូរ​មនុស្ស​ឆ្លងដែន ទៅ​ប្រទេស​ក្រៅ​ ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ ជនទុច្ចរិត​ទាំងនោះ​ កំពុង​តែ​ប្រើ​ប្រាស់​គ្រប់​មធ្យោ​បាយ ដើម្បី​ទាក់​ទាញ​ផល​ប្រយោជន៍ពី បុរស, ស្រ្តី ជា​ពិសេស​យុវវ័យ និង​កុមារជាច្រើន ដើម្បី​ធ្វើ​ការ​ជួញ​ដូរ​ដោយ​ប្រើ​គ្រប់​រូបភាព​ គ្រប់​មធ្យោ​បាយ និង​សំភារៈ ដែល​ធ្វើ​ឲ្យ​ បុរស ស្ត្រី និង​កុមារ ធ្លាក់​ចូល​ក្នុង​ការ​ជួញ​ដូរ​ដោយ​ពុំ​ដឹង​ខ្លួន។
ការ ​​ធ្វើ​អាជីវកម្មផ្លូវ​ភេទ និង​អាជីវកម្ម​លើ​កម្លាំង​ពលកម្ម​ ក្នុង​ប្រទេស​ជាច្រើន​ ដែល​រួម​មាន​ដូច​ជា ប្រទេសថៃ ម៉ាឡេស៊ី ម៉ាកាវ និង​តៃវ៉ាន់ ជាដើម។ បុរស​ៗ ត្រូវ​បាន​គេធ្វើ​អាជីវកម្ម​លើកម្លាំង​ ដូច​ជា​ សំណង់ នេសាទត្រី រីឯស្រ្តី​ ត្រូវ​គេ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ និង​បង្ខិត​បង្ខំ​​ឲ្យ​ធ្វើ​ការ​​ជា​ទម្ងន់​នៅ​តាម​ផ្ទះ។ ចំណែក​កុមារ​វិញ ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ពលករ អ្នក​សុំ​ទាន អ្នក​បោស​ថ្នល់ និង​អ្នក​លក់​ផ្កា​ជាដើម។ អ្នក​រងគ្រោះ​ជា​ច្រើន ជឿជាក់​ថា ពួក​គេ​មាន​ការងារ​ធ្វើ​ជា​អ្នក​បំរើ​នៅ​តាម​ផ្ទះ ប៉ុន្តែ​បន្ទាប់​​មក​ត្រូវ​បាន​ធ្លាក់​​ទៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ ភេទ​ ដោយ​មានការ​បង្ខិត​បង្ខំ។
លោក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ បានឡើង​អាន​ និង​​លើក​ជា​សំនួរថា អ្នក​ត្រូវការ​គិត​អំពី​សំនួរ​ដូច​ខាងក្រោម មុន​នឹងអ្នក​ចាក​ចេញ​ពីភូមិស្រុករបស់​អ្នក សូម​អ្នក​ព្យាយាម​ឆ្លើយ​នឹង​សំនួរ​ខ្លួនឯងសិន ទើប​អ្នក​សម្រេច​ចិត្ត តើ​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅកន្លែងណា? តើ​​ពេលណាខ្ញុំ​បាន​ប្រាក់​កំរ៉ៃ​ តើ​គេអនុញ្ញាតិ​ឲ្យ​ខ្ញុំ​ត្រលប់​មក​ផ្ទះវិញ​ដែរ ឬទេ? ពេល​ដែល​ខ្ញុំ​ត្រលប់​មក តើ​ខ្ញុំ​អាច​ទាក់ទង​អ្នកណា​បាន បើ​ខ្ញុំ​ជួប​បញ្ហា!។ បើ​សិន​លោក​អ្នក​អាច​ឆ្លើយ​នឹង​សំនួរ​នេះ​បាន អ្នក​គួរ​តែ​កុំ​ទៅ ពីព្រោះ​គ្មាន​សន្តិភាព​សម្រាប់​អ្នក​ទេ។ ហេតុនេះ​ហើយ ទើប​​អង្គការ​ ស៊ីដូ ធ្វើការផ្សព្វ​ផ្សាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​ និង​សិស្សានុសិស្ស​ទាំង​អស់​ឲ្យ​បាន​ជ្រាប៕ អត្ថបទ៖ នីចាន់នឿន

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes