-ស្រ្តី​៤​នាក់​បំរើ​ការ​ងារ​​ក្នុង​ក្លឹប​ឌីស្កូ​ផ្លេ​ប៊យ​ផ្ទុះ​កំហឹង

ស្រ្តី​៤​នាក់​បំរើ​ការ​ងារ​​ក្នុង​ក្លឹប​ឌីស្កូ​ផ្លេ​ប៊យ​ផ្ទុះ​កំហឹង​បក​អាក្រាត​ថា"រាំ​ស្រាត​ និង​សេព​ថ្នាំ​ញៀន!"​
ស្រ្តី ​បំរើ​ការ​នៅ​ហាង​ឌីស្កូ​ ផ្លេប៊យ​ ៤នាក់​ បាន​មក​បក​អាក្រាត​​ថា ហាង​ឌីស្កូ​នេះ រាំ​ស្រាត​ និង​សេព​គ្រឿង​ញៀន​​ពេញ​ទំហ៊ឹង​ នៅ​ក្នុង​ទី​នោះ​ ស្ថិត​ក្នុង​បរិ​វេណ​​កាស៊ីណូ​ផ្កាយ​៥ ក្នុង​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត។ ស្រ្តី​៤នាក់​​នោះ រួម​មានៈ ១/ឈ្មោះ គង់​ សំអាត ហៅ​ អាហ្មួយ អាយុ ២៧ឆ្នាំ ២/ឈ្មោះ លី វ៉ា អាយុ ២៦​ឆ្នាំ ៣/ឈ្មោះ​ ស៊ីវ​ លាន អាយុ ២៥​ឆ្នាំ (នាង​ៗទាំង​បី​នាក់​​ រស់​នៅ​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​/ក្រុង​ប៉ោយ​ប៉ែត) និង​៤/ឈ្មោះ ញ៉េន ចិន្តា អាយុ ២៥​ឆ្នាំ រស់​នៅ​ភូមិ​ប្រជា​ធម្ម​​ សង្កាត់/ក្រុង​ប៉ោយ​ប៉ែត។


រឿង ​ហេតុ​ដំបូង​​​ ដែល​បណ្តាល​ឲ្យ​ពួក​នាង​ៗ​ទាំង​៤នាក់​ ផ្ទុះ​កំហឹង​ឡើង​នេះ គឺ​​ដោយ​សារ​ ពួក​នាង​​ធ្វើ​ការ​ហើយ ត្រូវ​ថៅ​កែ មិន​បើក​ប្រាក់​​​ខែ​ឲ្យ​ ទើប​បាន​ជា​ពួក​នាង​​​មក​ប្តឹង​​តវ៉ា​ នៅ​មុខ​ហាង​ឌីស្កូ​ផ្លេប៊យ ថែមទាំង​មក​បក​អាក្រាត​ប្រាប់​អ្នក​យក​ព័ត៌​មាន​ជា​ច្រើន​នាក់​ថា ក្នុង​ហាង​​ឌីស្កូ​នោះ មាន​ការ​រាំ​ស្រាត​ និង​មានអ្នក​​សេព​គ្រឿង​ញៀន​ទៀត​ផង។ ពួក​នាង​បាន​ប្រាប់​ឲ្យ​ដឹង​​ថា ពួក​ខ្លួន ដែល​ត្រូវ​ថៅ​កែ​ មិន​បើក​ប្រាក់​ខែ​​​ឲ្យ​​​ចំនួន​២ខែ​មកហើយ។ ជា​ទម្លាប់​ការ​ងារ​ពីមុន គេ​តម្រូវ​ឲ្យ​រក​ភ្ញៀវ​សម្រាប់​ចូល​ផឹក​ស៊ី នៅ​ក្នុង​ហាង​ រឺក្លឹប​នោះ ក្នុង​​១ខែ ឲ្យ​បាន​ ៦០ឌីង(ស្មើ​នឹង​៦០កូន​កែវ​តូច) ទើប​ទទួល​ប្រាក់​ខែ ១ម៉ឺន​បាត​​លុយ​ថៃ ក្នុង​១ខែ។ តែ​​​សម្រាប់​រយៈ​ពេល​២ខែនេះ ខាង​ថៅ​កែ​ និង​មេការ​ តម្រូវ​ឲ្យ​ពួក​នាង រក​ភ្ញៀវ​ឲ្យ​បាន​ ១៣០​ឌីង(ស្មើ​នឹង​១៣០​កែវ​តូច) ទើប​បើក​ប្រាក់​ខែ​ឲ្យ ដោយ​សារ​ក្នុង​រយៈ​ពេល​​​២ខែ​នេះ ពួក​ខ្លួន​ រក​ម៉ូយ​ពុំ​បាន​គ្រប់​ចំនួន​ ទើប​ពួកគេ​(ថៅកែ) ពុំ​បើក​ប្រាក់​ខែ​ឲ្យ។

ស្រី ​ទាំងនោះ បាន​​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​​ស្រ្តី​ជនជាតិ​សៀម ដែល​​​​បំរើ​ការនៅ​ទីនោះ ១០ថ្ងៃ​ប៉ុណ្ណោះ ត្រូវ​​​បើក​​លុយ​ម្តង ធ្វើ​របៀប​នេះ មិន​ស្មើ​ភាព​គ្នា​ទេ ហើយ​បើ​​ថៅ​កែ និង​មេការ​ ដាក់​កំណត់​ឲ្យ​រក​ភ្ញៀវ​បែបនេះ ដូច​គេ​បណ្តេញ​ចេញ​អញ្ចឹង​! ក្រោយ​ពី​ការ​អះអាង​ថា​​ពួក​ខ្លួន​ ត្រូវបាន​ថៅ​កែ​មិន​បើក​លុយ​ឲ្យ​នោះ ក៏​បាន​ផ្ទុះ​កំហឹង​មក​បក​អាក្រាត​ថា​ ក្នុង​ក្លឹប​នេះ មាន​ការាំ​ស្រាត​ និង​ជក់​ថ្នាំ​ញៀន​​ពេញ​​ទំហ៊ឹង​នៅ​ក្នុង​​ទី​នោះ​។ ពួក​នាង​ ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ម៉ោង​ ១យប់​​ រំលង​អាធ្រាត រហូត​ដល់​ម៉ោង​៤ទៀប​ភ្លឺ ជា​រៀង​រាល់​យប់​ ​គេ​​តែង​ធ្វើ​​របៀប​នេះ(​ឲ្យ​រាំស្រាត) មក​លើ​ស្រ្តី​ទាំង​៤នាក់​នោះ។ ចំពោះ​ស្រ្តីម្នាក់​ក្នុង​ចំណោម​៤នាក់​នោះ គឺ​ឈ្មោះ គង់​ សំអាត​ ហៅ​អាហ្មួយ ធ្លាប់​ត្រូវ​បាន​ស្រ្តីបំរើ​ការ​ងារ​ថៃ ព្រួតវាយ​ធ្វើ​បាប​ចំនួន​២ដង​មក​ហើយ ថ្មីៗ​នេះ គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អធិការ​ដ្ឋាន​​នគរ​បាល​​ក្រុង​​ប៉ោយ​ប៉ែត ដើម្បី​ធ្វើ​ការ​​​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ប៉ុន្តែ​សំណង​ជា​រដ្ឋ​ប្ប​វេណី។
សូម ​បញ្ជាក់​ផង​ដែរថា កន្លង​មក​មាន​អ្នក​កាង​ក្នុង​ក្លឹប​ ជនជាតិ​សៀម​ ធ្លាប់​វាយ​សន្តិសុខ​ខ្មែរនៅ​ទីនោះ​ ឈ្មោះ​ ព្រហ្ម​ បណ្តាល​ឲ្យ​រង​របួស​ នៅ​ក្នុង​ម៉ោង​៣​ទៀប​ភ្លឺ ហើយ​សន្តិសុខ​រូប​នោះ ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ក្រោយ​ពី​ទទួល​ពាក្យ​​បណ្តឹងរួច​ កង​រាជ​អាវុធ​ហត្ថ​ ក៏​បាន​នាំ​ខ្លួន​ជន​ល្មើស​ទាំង​នោះ មក​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​​ក្រុង​​ប៉ោយ​ប៉ែត ប៉ុន្តែ​ប្រភព​បាន​និយាយ​ថា ជន​ល្មើស​ទាំង​នោះ ត្រូវ​បាន​ចេញ​តាម​ទ្វារ​ក្រោយ​ ដោយ​សុវត្ថិភាព ថ្នូរ​នឹង​ប្រាក់​បាត​សៀម។
ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា ក៏​បាន​ធ្វើ​ការ​ទាក់​ទង​ទៅ​លោក​ប្រធាន​សន្តិសុខ​កាស៊ីណូផ្កាយ​៥ លោក ទៀ ចាង​ ផង​ដែរ តែទូរស័ព្ទ​ចូល គ្មាន​អ្នក​ឆ្លើយ សូម​បញ្ជាក់​ផង​ដែរ​ថា ក្លឹប​ឌីស្កូ​ផ្លេប៊យ​នេះ​ ម្ចាស់​ និង​ថៅ​កែ​ ជាជន​ជាតិ​ថៃ ជួល​ដី​កាស៊ីណូ​ផ្កាយ​៥ សម្រាប់​ធ្វើ​អាជីវ​កម្ម​ខុស​ច្បាប់៕​​

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes