-ថៃ​បិទ​ច្រក​ព្រំដែន​មួយ​ឆ្លង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ

ថៃ​បិទ​ច្រក​ព្រំដែន​មួយ​ឆ្លង​មក​ខេត្ត​បន្ទាយ​មាន​ជ័យ
ដោយ សួន សុផល មុន្នី
2010-12-14

ពី ​តំបន់​ព្រំដែន​ខ្មែរ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ​ថៃ មាន​ដំណឹង​ថា សមត្ថកិច្ច​ថៃ​បាន​ចាត់​វិធានការ​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដែន បន្ទាប់​ពី​កើត​មាន​អំពើ​ចោរកម្ម​ជា​ច្រើន​ករណី​មក។
មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​តម្រួត​ការ​ពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ស្រុក​តាប់​ព្រះ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​បិទ​ច្រក​បឹង​ត្រកួន ដែល​ជា​ច្រក​តំបន់ មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ ក្រោយ​ពី​មាន​អំពើ​ចោរកម្ម​កើត​មាន​នៅ​តំបន់​កៀក​ព្រំដែន​ក្នុង​ប្រទេស​ថៃ។


លោក នូ យ៉ត ប្រធាន​គណៈកម្មការ​ច្រក​បឹង​ត្រកួន​មាន​ប្រសាសន៍​ថា ការណ៍​ដែល​ភាគី​ថៃ​ធ្វើ​ការ​បិទ​ច្រក​បឹង​ត្រកួន​នេះ គឺ​មិន​បាន​ជូន​ដំណឹង​មក​ភាគី​កម្ពុជា​ទេ ៖ «ខ្ញុំ​មិន​ទាន់​មាន​របាយ​ ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​អី​ទេ ប៉ុន្តែ​គ្រាន់​តែ​ឃើញ​ថា របាយ​ការណ៍​ជា​ព័ត៌មាន​ថា​ប្រជា​ពល​រដ្ឋ​ថៃ​ជិះ​ម៉ូតូ​មក​ច្រូត​ស្រូវ​វា​ អ៊ីចឹង​ដាក់​ម៉ូតូ​ចោល ច្រូត​ស្រូវ។ កំពុង​ច្រូត​ស្រូវ​បាត់​ម៉ូតូ មិន​ដឹង​បាត់​ពី​ម៉ោង​ប៉ុន្មាន​ផង បាត់​ពី​ថ្ងៃ​ទី​១១ បាត់​នៅ​ដី​ថៃ ប៉ុន្តែ​បាត់​ហ្នឹង​មិន​ដឹង​បាត់​ម៉ោង​ប៉ុន្មាន បាត់​នឹង​អ្នក​ណា​គេ​យក តែ​ដល់​វា​បាត់ វា​ចោទ​មក​ខ្មែរ​យើង​ទៅ វា​បិទ​ច្រក»។

កញ្ញា បូ រ៉ា រស់​នៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមាត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​ជា​អ្នក​ស៊ី​ឈ្នួល​ធ្វើ​ការ​ងារ​លក់​ដូរ​ឲ្យ​គេ​នៅ​ផ្សារ​តាប់​ព្រះ​យ៉ា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ត្រូវ​បាន​កង​តម្រួត​ថៃ​ឃាត់​មិន​ឲ្យ​ឆ្លង​ច្រក​ព្រំដែន​ចូល​ដូច​សព្វ​ដង​ ឡើយ ៖ «ខ្ញុំ​ទិញ​សំបុត្រ តែ​តម្រួត​ថៃ​អត់​ឲ្យ​ខ្ញុំ​ទៅ​ផង។ គេ​ដឹង​តែ​បិត ខាង​តម្រួត ខ្ញុំ​ឮ​សូរ​មូលហេតុ​បាត់​ម៉ូតូ​ចាប់​មិន​បាន អ៊ីចឹង​គេ​ឲ្យ​បិត»។

មន្ត្រី​អន្តោប្រវេសន៍​ថៃ​ប្រចាំ​ច្រក​តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ជា​ភាសា​ខ្មែរ​ប្រាប់​ថា ការណ៍​ដែល​ភាគី​ថៃ​បិទ​ច្រក​នេះ គឺ​ពាក់ព័ន្ធ​ទៅ​និង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​ក្នុង​ទឹក​ដី​ថៃ​ច្រើន ៖ «ម៉ូតូ ​ថៃ​បាត់​ច្រើន គេ​ថា​គេ​ចង់​បាន​ម៉ូត​វិញ គេ​ថា​ឲ្យ​ម៉ូតូ​មក​វិញ​គេ​បើក គេ​ថា​គេ​ឃើញ​ម៉ូតូ គេ​ថា​គេ​ឃើញ​ម៉ូតូ​ហើយ ប៉ុន្តែ​ខាង​ខ្មែរ​ឯង​មិន​យក​ម៉ូតូ​ឲ្យ​គេ​វិញ ខ្ញុំ​ក៏​មិន​ដឹង​ថា​ប៉ុន្មាន​គ្រឿង ប៉ុន្តែ​គេ​ថា​ច្រើន»។

ទាក់​ទិន​ករណី​ចោទ​ប្រកាន់​របស់​ភាគី​ថៃ​នេះ ក្រុម​មន្ត្រី​ខ្មែរ​ប្រចាំ​ច្រក​បឹង​ត្រកួន​បាន​ច្រាន​ចោល ដោយ​អះអាង​ថា ការ​បាត់​ម៉ូតូ​ស្ថិត​នៅ​ក្នុង​ដែន​ដី​ថៃ​គ្រប់គ្រង មិន​មែន​កើត​មាន​ឡើង​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ទេ។

លោក អ៊ុង អឿង អភិបាល​ខេត្ត​បន្ទាយ​មានជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​ដឹង​ជុំ​វិញ​បញ្ហា​កង​តម្រួត​ថៃ​បិទ​ច្រក​ទ្វារ​ តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន​នេះ​ច្បាស់​លាស់​ទេ ដោយ​សារ​លោក​ជាប់​ប្រជុំ​នៅ​ក្នុង​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៖ «ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទេ ឥឡូវ​ខ្ញុំ​នៅ​ខាង​អារ៉ាញ់ ឯ​នេះ​ល្ងាច​ហ្នឹង ខ្ញុំ​ប្រជុំ​ជា​មួយ​ពួក​គាត់»។

តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ នា​ឆ្នាំ​១៩៩៨ គឺ​បាន​ឯកភាព​គ្នា​ថា ច្រក​ទ្វារ​នៅ​តាម​តំបន់​ព្រំដែន គឺ​ក្នុង ១​សប្តាហ៍ ត្រូវ​បើក​៤​ថ្ងៃ ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ និង​មាន​ការ​បិទ​បី​ថ្ងៃ ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ ប៉ុន្តែ​ការ​បិទ​ច្រក​ទ្វារ​របស់​ភាគី​ថៃ គឺ​ធ្វើ​ចំ​ថ្ងៃ​អង្គារ ដោយ​សំអាង​លើ​កត្តា​សន្តិសុខ ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes