-ខ្មែរ-ថៃ​កែប្រែ​លក្ខខ័ណ្ឌ​ឆ្លង​ដែន

ដោយ សួន សុផល មុន្នី
2010-12-25

ខ្មែរ-ថៃ ​ឯកភាព​គ្នា​ក្នុង​ការ​កែ​ប្រែ​លក្ខខ័ណ្ឌ​មួយ​ចំនួន ទាក់​ទិន​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​ដោះដូរ​ពាណិជ្ជកម្ម​នៅ​តាម​ច្រក​តំបន់​ចំនួន​ពីរ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ស្រះ​កែវ​របស់​ថៃ។

ភាគី​អាជ្ញាធរ​កម្ពុជា និង​ភាគី​អាជ្ញាធរ​ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​មួយ ដោយ​បាន​សម្រេច​ធ្វើ​ការ​កែប្រែ​ពេល​វេលា និង​ការ​បន្ថែម​ចំនួន​ថ្ងៃ សម្រាប់​ប្រជា​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ធ្វើ​ចរាចរ​ឆ្លង​កាត់​តាម​ច្រក​តំបន់​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ជាប់​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ។

លោក អ៊ុក កែវ​រតនៈ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១០ ថា ការ​ឯកភាព​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៖ «កន្លង​មក​ច្រក​តំបន់​ទាំង​ពីរ គឺ​ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ ច្រក​តំបន់​របស់​ខេត្ត ពី​មុន​មក មួយ​សប្ដាហ៍ យើង​បើក​តែ ៤​ថ្ងៃ​ទេ ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ ឥឡូវ​នេះ យើង​បាន​ចេញ​សេចក្ដី​ប្រកាស​រួម​មួយ គឺ​យើង​សម្រេច​ព្រម​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា​នេះ​ទៅ យើង​និង​បើក​ច្រក​មួយ​សប្តាហ៍ ៧​ថ្ងៃ ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​អាទិត្យ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់​ម៉ោង ៥​រសៀល»។

តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ នា​ឆ្នាំ​១៩៩៨ គឺ​បាន​ឯក​ភាព​ថា ច្រក​ទ្វារ​នៅ​តាម​តំបន់​ព្រំដែន រវាង​ប្រទេស​កម្ពុជា-ថៃ គឺ​ក្នុង ១​សប្តាហ៍ ត្រូវ​បើក​ឲ្យ​ធ្វើ​ការ​ឆ្លង​កាត់​ចំនួន ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃ​សុក្រ និង​មាន​ការ​បិទ​បី​ថ្ងៃ ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ។

ការ​កែប្រែ​ពេល​វេលា និង​ការ​បន្ថែម​ចំនួន​ថ្ងៃ​នៃ​ការ​ឆ្លង​កាត់​តាម​ច្រក​តំបន់​បឹង​ត្រកួន និង ច្រក​ម៉ាឡៃ​នេះ ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា អាច​ជួយ​សម្រួល​ដល់​ការ​ឆ្លងកាត់ និង​ផ្ដល់​ផល​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ ៖ «ផល​ប្រយោជន៍​បាន​ទាំង​ សង​ខាង ប្រសើរ​ទាំង​យើង ប្រសើរ​ទាំង​ភាគី​ថៃ ព្រោះ​សព្វ​ថ្ងៃ​ច្រក​នេះ​ជា​ច្រក​ដោះដូរ​ដំណាំ​កសិផល ការ​នាំ​កសិផល​មាន​ស្រូវ មាន​ដំឡូង មាន​ពោត ឆ្លង​កាត់​ច្រក​នេះ​ទៅ​ខាង​ថៃ ហើយ​ថៃ​ក៏​បាន​នាំ​មក​នូវ​ភោគផល​របស់​ខ្លួន​ឆ្លង​កាត់​តំបន់​ក៏​ច្រើន​ណាស់​ ដែរ ធ្វើ​ឲ្យ​ជីវភាព​ទាំង​ប្រជា​ពល​រដ្ឋ​កម្ពុជា​យើង នៅ​តាម​តំបន់​ព្រំដែន​ក៏​ដូច​ជា​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​ថៃ​នៅ​តាម​តំបន់ ​ព្រំដែន វា​បាន​ទទួល​ផល​ប្រយោជន៍​ដូច​គ្នា»។

កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០ កង​តម្រួត​ការ​ពារ​ព្រំដែន​ប្រចាំ​ការ​នៅ​ស្រុក​តាប់​ព្រះ​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បាន​បិទ​ច្រក​តាប់​ព្រះ​យ៉ា ជាប់​ច្រក​បឹង​ត្រកួន ដែល​ជា​ច្រក​តំបន់​ចំនួន​ពីរ​ថ្ងៃ មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់ ក្រោយ​ពី​មាន​អំពើ​ចោរកម្ម​កើត​មាន​នៅ​តំបន់​កៀក តំបន់​ព្រំដែន​ក្នុង​ប្រទេស​ថៃ។

ទាក់​ទិន​បញ្ហា​សន្តិសុខ ភាគី​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ថៃ ក៏​ព្រមព្រៀង​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ការ​ពង្រឹង​បញ្ហា​សន្តិសុខ នៅ​តាម​ខ្សែ​បន្ទាត់​តំបន់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

លោក​ឧត្ដម​សេនីយ៍ ឌី ភេន នាយ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​មាន​ប្រសាសន៍​ថា ស្ថាន​ភាព​ទូទៅ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ចាប់​ពី​ខេត្ត​ព្រះវិហារ រហូត​ដល់​ខេត្ត​កោះកុង គឺ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ ៖ «បើ​សិន​ជា​យើង​មាន​បញ្ហា​ ពាក់ព័ន្ធ​ដូច​កន្លែង​ខ្លះ ថៃ​ចាប់​ប្រជា​ពល​រដ្ឋ​យើង​ចូល​ទៅ​ក្នុង​ទឹក​ដី​គេ យើង​តែង​តែ​ឲ្យ​កម្លាំង​តាម​ចំណុច​ដែល​ពាក់ព័ន្ធ ឡើង​ទៅ​សម្របសម្រួល​ដោះ​ស្រាយ ហើយ​តែង​តែ​ជោគជ័យ»។

ក្រៅ​ការ​ពង្រឹង​កិច្ច​ការ​ពារ​សន្តិសុខ រដ្ឋាភិបាល​កម្ពុជា-ថៃ កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ថ្មី​មួយ​ទៀត ក្បែរ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ជាប់​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​បញ្ចៀស​ការ​ដឹក​ជញ្ជូន​ទំនិញ​ធំៗ​ឆ្លង​កាត់ ដែល​គម្រោង​នេះ​នឹង​ត្រូវ​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១១៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes