-តើ​លោកអធិការ​ក្រុង​ប៉ោយ​ប៉ែត​ទិញដី​ ជាប់​មាត់​អូរ​ព្រំ​ដែន​កម្ពុជា​-ថៃ​ ជិក​ស្រះ​បើក​ច្រក​ល្បៀង​មែនរឺ?

ដោយ៖ ស្ថាបនា 14/12/2010 ប៉ោយប៉ែត




ទោះ ​បី​ជា​ក្រសួង​នគរដែនដី​រូបនីកម្ម​ និង​សំណង់ ក៏ដូច​ជា​អាជ្ញាធរ​ដែន​ដី បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​ សាង​សង់​ផ្ទះ​ធំៗ រឺផ្ទះថ្ម ចាក់​គ្រឹះ​​​តាម​មាត់​អូរ នៅ​តាម​ព្រំ​ដែន​ដែល​មាន​អូរ​ជាប់​នឹង​ប្រទេស​ជិត​ខាង ដែល​យ៉ាង​ហោច​ណាស់ ក៏​ទុក​ចម្ងាយ​​ពី​មាត់​អូរ ប្រហែល ១០០​ម៉ែត្រ ដើម្បី​រក្សា​ទុក​ ពេល​ដែល​រដ្ឋា​ភិបាល​ត្រូវ​ការ​យក​ដី​ មក​ធ្វើ​ការ​ប្រើ​ប្រាស់​សម្រាប់​ការ​ពារ​ប្រទេស និង​ជៀស​វាង កុំ​ឲ្យ​មាន​ផល​ពិបាក​​ដល់​រាជ​រដ្ឋា​ភិបាល។ ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា នៅ​តាម​មាត់​អូរ​ នៅ​ក្នុង​ទឹក​ដីក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ គេ​សាង​សង់​ផ្ទះ​​ធំៗ និង​មាន​គេ​ជីកស្រះ​ចិញ្ចឹម​ត្រី និង​ក្រពើ ថែម​ទៀត​ផង។​ ក្រៅ​ពីនោះ ក៏​មាន​តម្លើង​ខ្សែរ៉ក តភ្ជាប់​ពី​ទឹក​ដី​កម្ពុជា​យើង តទៅ​ទឹក​ដី​ថៃ​ផង​ដែរ ហើយ​ថ្មីៗនេះ គេ​សង្កេត​ឃើញ​​យ៉ាង​ច្បាស់​ថា មាន​លោកអធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ទិញ​ដី​ ដែល​​ស្ថិត​នៅ​តាម​មាត់​អូរ​ជាប់​ព្រំ​ដែនកម្ពុជា​-​ថៃ នៅ​ចំណុច​ប៉ុស្តិ៍​ គោកស្បែង​ ​ស្ថិត​នៅ​ក្នុង​ភូមិ​ គីឡូម៉ែត្រ​លេខ៤ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។

បើ ​តាមប្រភព​ពី​ប្រជា​ពល​រដ្ឋ​ នៅជិត​នោះ​ បាន​ឲ្យ​ដឹង​ថា លោកអធិការក្រុង​​ប៉ោយ​ប៉ែត នឹង​មាន​គម្រោង​ជីក​ស្រះ និង​ធ្វើ​ផ្លូវ​បើក​ច្រក​នាំ​ទំនិញ​ចេញ​ចូល នៅ​កន្លែង​នេះ​ទៀត​ផង ក្រោយពីប្រមូលទិញ​ដី​ពី​ប្រជា​ពល​រដ្ឋ​ រួចលោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​កាប់​ឆ្កាព្រៃ រួច​ជីក​​ស្រះ​នៅ​ជិត​មាត់​អូរ​​តែ​ម្តង។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​លិច​ឮដល់​ថ្នាក់​ស្នង​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ បន្ទាប់​មក​ស្នងការ​ខេត្ត ក៏​ចាត់​លោក​ស្នង​ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រំ​ដែន ឲ្យ​ចុះ​ត្រួត​ពិនិត្យ​​ហេតុ​ការណ៍​ទាំង​នោះ ក៏ឃើញ​មាន​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ កំពុង​ជីក​កាយ បាន​មួយ​​ចំនួន​ តែ​ក្រោយ​មក​ គេក៏​ឃើញ​ស្រះ​ ត្រូវ​បាន​​លុប​ដីទៅវិញ។

ប៉ុន្តែ ​ក្រោយមក ​ឃើញ​ប្តូរ​​ទៅ​ជីក​កន្លែង​ផ្សេង​វិញ នៅ​ជិត​មាត់​អូរ​ប្រហែល​ជាង​ ១០០ម៉ែត្រ នៅ​ក្នុង​បរិវេណរបស់​គេនោះ ក្រោយ​ពីការ​លិចឮថា លោក​​អធិការក្រុង​ប៉ោយ​ប៉ែត​ បាន​ជីក​ស្រះ​​នៅ​ជិត​មាត់​អូរ ក៏​មាន​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​​នោះ ហើយ​ក៏​​បាន​ទាញ​​យក​ម៉ាស៊ីនថត​ ដើម្បី​ថត​រូប​ភាព ប៉ុន្តែ​មួយសន្ទុះ​ក្រោយ​មក​ គេ​ឃើញ​មាន​រថយន្ត​ប៉ូលីស​ក្រុង​ប៉ោយ​ប៉ែត ដែល​មាន​ភ្លើង​ពណ៌​វិល និង​សារ៉ែន បំរុង​នឹង​ឃាត់​ខ្លួន​អ្នក​កាសែត​ទាំងនោះ ប៉ុន្តែ​​អ្នក​កាសែត​ដែល​ប៉ូលីស​​មក​បំរុង​​នឹង​ក្របួច​នោះ បាន​ត្រូវ​បាន​ប៉ូលីស​​ស្គាល់​ជា​គ្នា​ឯង​ ​ហើយ​ប៉ូលីស​បាន​​និយាយ​ថា "អុញ​បង​ឯង​ទេ!" កុំ​អី​ត្រូវ​វាយ​ខ្ចោះបាត់​ទៅ​​ហើយ​។
បើ ​តាម​ប្រភព​ពីក្រុម​ប្រឹក្សា​ ឃុំ​ សង្កាត់​ប៉ោយ​ប៉ែត​ បាន​ឲ្យ​ដឹង​ថា ដីនៅ​តាម​មាត់​អូរ​ជាប់​ព្រំ​ដែន​កម្ពុជា​-ថៃ ក្រសួង​នគរ​ដែនដី​​រូបនីកម្ម និងសំណង់ មិន​អនុញ្ញាត​ចេញ​ប្លង់​ រឺ​បង្កាន់ដៃ​ដី ឲ្យ​ទេ ពី​ព្រោះ​ដី​ដែល​នៅ​ជាប់​មាត់​អូរ​ ក្រសួង​​បាន​ហាម​ឃាត់​ និង​មិនអនុញ្ញាត​ឲ្យ​សាង​សង់​​ធ្វើ​ផ្ទះ​ថ្ម ចាក់គ្រឹះ ជៀង​វាង ថ្ងៃ​​ក្រោយ រដ្ឋ​ត្រូវ​ការ​ វា​ធ្វើ​​ឲ្យ​មាន​ផល​ពិបាក​ដល់​រដ្ឋ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ គេសង្កេត​ឃើញថា មាន​រោងចក្រ​មួយ​ ដែល​សង់​ជិត​មាត់អូរ​ និង​មាន​ផ្ទះថ្ម​បុកគ្រឹះ​មួយ​ចំនួន​ផង​ដែរ និង​មានគេ​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី ក្រពើ​ទៀត​ផង។

លោក អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ប្រាប់​ភ្នាក់​ងារ​ខ្មែរ​ស្ថាបនា តាម​រយៈ​ទូរស័ព្ទ​ថា គាត់​ជីក​ស្រះ​ក្នុង​ដី​របស់​គាត់​ទេ មិន​មែន​ជីក​ជិត​មាត់​អូរទេ ខ្ញុំ​ជីក​ពីរ​ បី​រយម៉ែត្រ ពីមាត់​អូរ​ បើ​លោក​ចង់​ទៅ​មើល មក​មើល​ចុះ! ចំពោះ​ការ​បើក​ច្រក​នោះ​ គាត់ពុំ​ដឹង​អ្វីឡើយ គាត់​​បន្ត​ទៀត​ថា "ខ្ញុំ​មាន​សមត្ថភាព​អ្វី​នឹង​ទៅ​បើក​ច្រក​នោះ!" ភ្នាក់​ងារ​យើង​ ក៏​បាន​សួរ​ទៅ​លោក​អធិការ​មួយ​សំនួរ​ទៀត អំពី​បញ្ហា​ថា កង​កម្លាំង​របស់លោក​ ប្រុង​ឃាត់​ខ្លួន​អ្នក​សារព័ត៌​មាន​ ដែល​ថតយក​រូប​ភាព​​នៅ​ទី​តាំង​ក្នុង​ដីនោះ តើ​ពិត​មែនដែរ​ ឬ​ទេ? ពេល​នោះ ស្រាប់តែ​លោក​អធិការ​​ចុច​បិទ​ទូរស័ព្ទ​ មិន​ឆ្លើយ​នឹង​សំនួរ​នេះ​ទេ តើ​លោក​ស្នងការ​​រង​ខេត្ត​បន្ទាយ​មាន​ជ័យ ជា​គ្រូ​ទាយឬ?​ ​បាន​ជា​លោក​អធិការ​​ក្រុង​ប៉ោយ​ប៉ែត ជីស្រះ​ខុស​ទីតាំង​ ហើយ​បាន​ឲ្យ​ទៅ​ជីក​កន្លែង​ថ្មី​?៕​ អត្ថបទៈ ទេព សំណាង (ប៉ោយប៉ែត)

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes