សពបុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ

សរសេរដោយ ភ្នំពេញដេលីញូវ
សុក្រ, 31 ធ្នូ 2010 07:12

ប្រទេសកម្ពុជាយើងមានទីតាំងបុរាណ ជាច្រើនដែលកន្លែងខ្លះបានធ្វើការស្រាវជ្រាវ និង កន្លែងខ្លះមិនទាន់ធ្វើការស្រាវ ជ្រាវ ហើយកន្លែងខ្លះទៀត ត្រូវបាន ប្រជាជននិងជនឆក់ឱកាសមួយចំនួនជីក កកាយយ៉ាងអនាធិបតេយ្យ ។

ស្ថានីយបុរាណភូមិសុភី ជាស្ថានីយបុរាណ មួយដែលមានបន្សល់ទុករណ្តៅ សព បុរាណយ៉ាងច្រើនរាប់មិនអស់ ដែល រណ្តៅខ្លះត្រូវបានប្រជាជននៅទីនោះជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅពេលកន្លងមក ។ ប៉ុន្តែពេលនេះ ការជីក គាស់កកាយយ៉ាងអនាធិបតេយ្យនៅទីនេះលែងមានទៀតហើយ ហើយអ្នក បុរាណវិទ្យាក៏បានមកស្រាវជ្រាវ ជាបន្តបន្ទាប់ ដែរ ។
នៅចុងឆ្នាំ ២០១០ នេះ អ្នកស្រាវជ្រាវមួយក្រុមរបស់ អូស្ត្រាលីមានគ្នាបួននាក់ បានមកធ្វើការស្រាវជ្រាវ សព បុរាណ ចំនួនប្រាំបីនៅភូមិសុភី ឃុំសុភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរុករកឃើញសាកសព បុរាណចំនួន ប្រាំបីនាក់ក្នុងរណ្តៅតែមួយដែលមានជម្រៅ ៣០ ម៉ែត្រ និង ៣ ម៉ែត្រ x ៥ ម៉ែត្រ ។
លោក ឌូហ្គល អូរ៉េលលី អ្នកជំនាញផ្នែកបុរាណវិទូជនជាតិ អូស្ត្រាលីបានប្រាប់ថា ហេតុដែលបណ្តាលឱ្យ លោកបានជ្រើសរើសកំណត់ទី តាំងនៅទីនេះមកធ្វើកំណាយនោះ ព្រោះដីនៅចំណុចនេះពុំមាន បងប្អូនធ្លាប់ជីកកកាយឡើយ ។


បើតាមការសន្និដ្ឋាន ទីទួលនេះជាកន្លែងកប់សាកសពរបស់ បុព្វបុរសខ្មែរពីជំនាន់មុន ព្រោះសាកសពសុទ្ធតែ ត្រូវបានគេកប់ដាក់ ក្បាលទៅទិសខាងលិចទាំងអស់ ។ ពាក់ព័ន្ធសាកសពនៃបុព្វបុរស ខ្មែរនៅក្នុងកំណាយភូមិសុភីនេះ លោក ឌូហ្គល អូរ៉េលលី បាន ពន្យល់ប្រាប់អ្នកយកព័ត៌មានថា ហេតុដែលបណ្តាល ឱ្យអ្នកស្លាប់ត្រូវគេកប់ ដាក់ក្បាល ទៅទិសខាងលិចនោះ ប្រហែល មនុស្សសម័យនោះយល់ឃើញថា ជីវិតមនុស្សប្រៀបដូចសុរិយា ( ព្រះអាទិត្យ ) ពេលលិចតែងតែត្រាច់ចរទៅទិសខាងលិច ដូច្នេះហើយទើបពេលមនុស្សស្លាប់ ទៅគេធ្វើតាមដំណើរនៃព្រះអាទិត្យ ហើយសូម្បីតែឈ្មោះនៃអធិរាជរបស់ដូនតា ខ្មែរក៏មានឈ្មោះថា សុរិយា ដែរ ព្រោះឈ្មោះថា សុរិយានោះ គេសំដៅ ទៅលើ ភាពខ្លាំងពូកែ ។ “ទាំងនេះជាការសន្និដ្ឋានរបស់ខ្ញុំតែប៉ុណ្ណោះ” ។ លោក ឌូហ្គេល អូរ៉េលលីបានឱ្យដឹងថា ភាពអស្ចារ្យដែលខុសពីកំណាយកន្លែងនោះ គ្រោងឆ្អឹង នៃសាកសពពុំមានពុកផុយដូចមនុស្សជំនាន់ក្រោយឡើយ គឺមានភាពរឹងដូចឆ្អឹង ខ្មោចដែលទើបនឹងស្លាប់នៅពេលថ្មីៗអ៊ីចឹង ។
អ្នកស្រីបណ្ឌិត លូស៊ី ស៊ីវ៉ាន់ អាយុ ៤៥ ឆ្នាំ ជាបុរាណ វិទូផ្នែកជំនាញឆ្អឹងធ្មេញបាន រៀបរាប់ប្រវត្តិ នៃការធ្វើ វិសោធនកម្មលើគ្រោងឆ្អឹង ធ្មេញបានឱ្យដឹងថា សាកសពបុរាណនេះគឺមានអាយុកាលមុនគ្រិស្តសករាជបីរយ ឆ្នាំ ។ កំណាយនេះក្រុមការងារយើងកាយម្តងបន្តិចៗមិនបង្ខំទេ ហើយការធ្វើ កំណាយខាងលើនេះបានរកឃើញ សពបុរាណ ចំនួនប្រាំបីនាក់ ក្នុងនោះមានសព ក្មេងពីរនាក់ ។ ក្រៅពីសាកសព យើងបានជីកឃើញក្អមដី និង កុលាលភាជន៍ ឆ្នាំង ដី និង ឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ។ ក្រុមការងារក៏បានឃើញគ្រឿង អលង្ការដែលមនុស្សសម័យមុន ប្រើប្រាស់ លម្អកាយ មានដូចជា ឡតធ្មេញ អង្កាំ សម្រាប់ពាក់លើ-កមនុស្ស កងដៃមាសនៅលើសពអំបូរខ្មែរសម័យបុរាណ ។ នេះបញ្ជាក់ថា ខ្មែរសម័យដើមគឺជាពូជពង្សអ្នកមានមាសប្រាក់ គ្រឿងអលង្ការ លម្អកាយច្រើន ដូច្នេះទើបពេលមាន មនុស្សស្លាប់គេត្រូវយកវត្ថុមានតម្លៃកប់ជាមួយ សព ។ អ្នកស្រីបានបន្តទៀតថា ហេតុដែលបណ្តាលឱ្យឆ្អឹងធ្មេញ មនុស្ស សម័យមុន មិនពុកផុយនោះ គឺដោយសារពួកគាត់មិនចេះពិសាបារី ម្ហូបអាហារគ្មានជាតិពុល ពោល គឺពួកគាត់បរិភោគ តែអាហារធម្មជាតិសុទ្ធសាធមានដូចជា ត្រី សាច់ស្លឹក រុក្ខជាតិដែលគ្មានសារធាតុគីមី ។ កត្តាទាំងនេះវាបានធ្វើឱ្យគ្រោងឆ្អឹងសម្បូរទៅ ដោយសារធាតុដែកជាច្រើនអាចទ្រាំទ្រការពុកផុយហើយ មនុស្សដើម សតវត្សរ៍ ទី ១-៣ ចូលចិត្តរស់នៅតាមតំបន់ភ្នំ ហើយពេលពួកគេបានស្លាប់ទៅក៏យកទៅ កប់នៅទីទួលដែលគ្មាន ទឹក លិចដល់ ដូច្នេះទើបរក្សាឱ្យឆ្អឹងនៅបានយូរឆ្នាំ” ។ អ្នកស្រីបន្តទៀតថា “ខ្ញុំនឹងយកគ្រោងឆ្អឹងបុរាណនេះ ទៅធ្វើ ពិសោធដើម្បីឱ្យ ដឹងថា អ្នកដែលស្លាប់នោះគេចូលចិត្តទទួលទានអីជាអាហារ” ។
លោក ណម មិត្ត សមាជិកក្រុមប្រឹក្សាឃុំសុភី បានឱ្យដឹងថា “មូលហេតុ ដែលពួកយើងបានដឹង ពីកន្លែង សពបុរាណខាងលើ គឺដើមឆ្នាំ ២០០៥ មានអង្គការ មួយបានចុះជួយភូមិសុភី ព្រមទាំងបានឧបត្ថម្ភអណ្តូង ទឹកបង្គន់ អនាម័យចំនួន ៨០ ក្នុងឃុំរបស់យើងខ្ញុំ ពេលនោះក្រុមការងារបានជីកដីដើម្បីដាក់លូក៏ប្រទះឃើញ ក្បាលខ្មោច វត្ថុមាន តម្លៃផ្សេងៗក៏ផ្អើលនាំគ្នាជីកស្ទើរតែគ្រប់ផ្ទះ រហូតបានធ្វើឱ្យ ល្បីរន្ទឺ ហើយអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ក៏ចុះ ទៅហាមឃាត់កុំឱ្យបងប្អូន ទៅជីកកកាយតទៅទៀត ។ ជាក់ស្តែង លោកឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ នគរ បាលខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យកន្លែងនោះដើម្បីណែនាំឱ្យបង ប្អូនយកគ្រោងឆ្អឹងមករក្សាទុក ដើម្បីធ្វើ ស្តូប មួយសម្រាប់ឱ្យបងប្អូនយកឆ្អឹងដូនតា មកទុកនៅទីនោះដើម្បីធ្វើទីសក្ការបូជាកុំឱ្យដួងព្រលឹងពួកគាត់ដើររំខានដល់កូន ចៅក្នុងភូមិ” ។
ស្ត្រីម្នាក់ឈ្មោះ អឹម ស្រីចិន អាយុ ២០ ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានយើង ឱ្យដឹងថា កាលពីអ្នកភូមិខ្ញុំ បាន បាក់នាំគ្នាជីកកកាយផ្នូរបុរាណនោះ មានអ្នកខ្លះត្រូវ ខ្មោចបុរាណមកសង្កត់បណ្តាលឱ្យគ្រុនឈឺក៏មានដែរ” ។ នាងបានបន្តថា “ជាក់ ស្តែងខ្ញុំផ្ទាល់បានយកឡតធ្វើជាបណ្តោងខ្សែ-កឱ្យកូនពាក់ តែពេលខ្ញុំយកខ្សែ-ក ដាក់ពាក់ លើ-កកូន ស្រាប់តែធ្វើឱ្យកូនខ្ញុំវាស្រែកយំ បើទោះយកអ្វីទៅលួងក៏មិន បាត់ដែរ លុះត្រាតែដោះខ្សែពី-កវាចេញ ទើប ឈប់យំ ។ ក្រោយមក ពេលខ្ញុំ ដេកយល់សប្តិឃើញថាឱ្យខ្ញុំអុជធូបសុំទោសដល់ព្រលឹងដូនតា នៅពេលនោះខ្ញុំ ក៏ធ្វើ តាមការយល់សប្តិ លុះធ្វើតាមហើយកូនខ្ញុំក៏ឈប់យំ” ។ នាងបន្តថា “ឥឡូវ នេះគ្មានអ្នកជីកកកាយផ្នូរបុរាណទៀតទេ ព្រោះទុកឱ្យអ្នកទេសចរគេមកទស្សនា តំបន់នេះ ។ ពេលនោះពួកខ្ញុំនឹងរកប្រាក់ចំណូលបានតាមរយៈការលក់ដូរផលិតផល ផ្សេងៗ ។ ខ្ញុំសូមអំពាវនាវដល់បងប្អូន ជនរួម ជាតិឱ្យបានជ្រាបថា នៅទឹកដីភូមិភាគ ពាយព្យក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជា ប្រាសាទបន្ទាយឆ្មារ បន្ទាយទ័ព របើកស្វាយ ប្រាសាទគុក និង ភូមិសុភី ផ្នូរបុរាណនៃដូនតាយើង” ។
បើតាមប្រសាសន៍លោក ពៅ សំណាង ប្រធានមន្ទីរវប្បធម៌ និង វិចិត្រ សិល្បៈខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មានយើងឱ្យដឹងថា ការធ្វើកំ-ណាយនេះដើម្បីឱ្យដឹងពីអាយុកាលនៃមនុស្សសម័យបុរេប្រវត្តិមានអាយុកាល ប៉ុន្មានឆ្នាំ និង ដើម្បីឱ្យដឹងថា អំបូរខ្មែរមានអ្វីប្រើប្រាស់ កាលពីសម័យមុន ជាពិ-សេសទៅទៀតនោះ គឺចង់ ដឹងពី វប្បធម៌ដ៏យូរលង់របស់ ខ្មែរបុរាណ ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes