-ពិរុទ្ធជន​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​រត់​គេច​ខ្លួន

ដោយ សួន សុផល មុន្នី
2010-12-23

ពិរុទ្ធជន ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់ បាន​រត់​គេច​ខ្លួន​រួច​នៅ​គ្រា​ក្រុម​អនុរក្ស​ពន្ធនាគារ​​បាន​បញ្ជូន​ទៅ​ដេក ​សម្រាក​ព្យាបាល​ជំងឺ នៅ​ឯ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី កាល​ពី​ពាក់​​កណ្ដាល​យប់ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០។

ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ភាន ឆ​វ័ន្ត បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០ ថា​ពិរុទ្ធជន​នោះ​មាន​ឈ្មោះ ហាក់ លី មាន​ជំងឺ​ជាប់​ខ្លួន ត្រូវ​បាន​ខាង​ពន្ធនាគារ​បញ្ជូន​ទៅ​ធ្វើ​ការ​វះ​កាត់ និង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​ជាង ២០​ថ្ងៃ។

លោក​បន្ត​ថា នៅ​មុន​ពេល​ពិរុទ្ធជន​រត់​រួច កាល​ពី​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១០ ខាង​ពន្ធនាគារ​បាន​ដាក់​អនុរក្ស​ពន្ធនាគារ​ម្នាក់​ការ​ពារ​នៅ​ឯ​មន្ទីរ​ ពេទ្យ​នោះ ៖ «គ្រូ​ពេទ្យ​បញ្ជាក់​មាន​ជំងឺ​គ្រោះ​ក្នុង​ប្លោក​នោម ហើយ​វះ​កាត់​រួច​ហើយ​ជា​លើក​ទី​៣ ដេក​ព្យាបាល​បន្ត។ យើង​កំពុង​ចាត់​តាម​រក​ធ្វើ​ការ​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា​រួច​ហើយ»។

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក សូវ៉ាត បាន​មាន​ប្រសាសន៍​ថា​ពិរុទ្ធជន ហាក់ លី ដែល​រត់​គេច​ខ្លួន​នោះ ត្រូវ​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត។ លោក​បន្ត​ថា តុលាការ​បាន​ចេញ​ដីកា​ឲ្យ​កង​កម្លាំង​មាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ ពិរុទ្ធជន​នោះ​យក​មក​ឃុំ​ខ្លួន​វិញ ៖ «ពី​បទ​មនុស្ស​ឃាត មិន​ទាន់​កាត់​ទោស​ទេ វា​ឈឺ​គ្រោះ​នៅ​ក្នុង​តម្រងនោម ចុក​ទៅ​ក៏​យក​ទៅ​ដេក​ពេទ្យ​មង្គលបុរី ប៉ុន្តែ​ដេក​ពេទ្យ​ហើយ​ដាក់​ខ្នោះ​ដៃ​ខ្នោះ​ជើង យប់​មាន​អ្នក​យាម។ អ្នក​យាម​គាត់​ថា ក្នុង​បន្ទប់​គ្មាន​កន្លែង​ដេក គាត់​មក​ដេក​ខាង​មុខ ពេល​យប់​ហ្នឹង គាត់​លួច​រត់​បណ្ដោយ កាត់​ច្រវាក់​ជើង​រត់ ហើយ​យើង​ទៅ​រក​ឃើញ​ច្រវាក់​អី​នៅ​ចោល​កន្លែង​ស្មៅ»។

ទោះ​យ៉ាង​ណា ខាង​មន្ត្រី​តុលាការ និង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ​មិន​បាន​បញ្ជាក់​ព័ត៌មាន​ ពិស្ដារ​ជុំវិញ​ករណី​ពិរុទ្ធ​ឈ្មោះ ហាក់ លី ដែល​បាន​រត់​គេច​ខ្លួន​រួច​នេះ​ទេ។ គេ​កត់​សម្គាល់​ឃើញ​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ដែល​ខាង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ការ​ធ្វេស​ប្រហែស ធ្វើ​ឲ្យ​អ្នក​ទោស​រត់​គេច​ខ្លួន​រួច នៅ​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

ទាក់​ទិន​ករណី​ពិរុទ្ធជន​ឈ្មោះ ហាក់ លី ដែល​ទើប​រត់​គេច​ខ្លួន​រួច​ថ្មីៗ​នេះ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដ​ហុក លោក ស៊ុម ច័ន្ទគា បាន​ស្ដី​បន្ទោស​ថា​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុម​មន្ត្រី​ពន្ធនាគារ។ លោក​បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «អា​ហ្នឹង​ជា​ចេតនា​មិន​ចំពោះ​មួយ នៅ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ អ៊ីចឹង​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​ហ្នឹង អ៊ីចឹង​គួរ​តែ​រៀបចំ​ពិគ្រោះ​បញ្ហា​ហ្នឹង បើ​សិន​ខ្លួន​មិន​មាន​មន្ត្រី​ពន្ធនាគារ​គ្រប់គ្រាន់ ទាក់ទង​ព្រះ​រាជ​អាជ្ញា ដើម្បី​ឲ្យ​ព្រះ​រាជ​អាជ្ញា​ចេញ​លិខិត​ស្នើ​សុំ​ពី​ខាង​កម្លាំង​រាជ​អាវុធ​ ហត្ថ ឬ​ក៏​ស្នង​ការ ដើម្បី​ធ្វើ​ការ​យាម​កាម​ជន​នោះ»។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១០ ទណ្ឌិត​ខ្មែរ-អាមេរិកាំង​ម្នាក់ ឈ្មោះ អាឡិច ស៊ីន​ឌឺរ​ព្រឿន ដែល​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៧​ឆ្នាំ ពី​បទ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ បាន​រត់​គេច​ខ្លួន​បាត់។ ការ​គេច​ខ្លួន​រួច​នេះ ត្រូវ​គេ​ចោទ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អនុរក្ស​ពន្ធនាគារ​បី​នាក់ និង​អតីត​ប្រធាន​ពន្ធនាគារ លោក នួន វណ្ណា ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ទណ្ឌិត​រូប​នោះ​ទៅ​ហាង​អ៊ីនធឺណិត និង​ទៅ​ផឹក​ស៊ី ច្រៀង​សប្បាយ​នៅ​ហាង​ខារ៉ាអូខេ។

អនុរក្ស​ពន្ធនាគារ​បី​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​សម្រេច​ដក​បញ្ឈរ​ជើង​ជា​បណ្ដោះ​អាសន្ន​ពី​មុខ​ តំណែង។ នៅ​ក្នុង​សំណុំ​រឿង​លេខ​៥០៣ ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១០ អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​លោក នួន វណ្ណា ត្រូវ​បាន​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក ដោយ​យោង​លើ​មាត្រា​៣៨ នៃ​ច្បាប់​សម័យ​អន្តរកាល​អ៊ុនតាក់ ហើយ​ត្រូវ​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​សៀមរាប​កាល​ពី​ពេល​កន្លង​ ទៅ​ថ្មីៗ នេះ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes