បុគ្គល​ប៉ូលិស​ធ្វើ​ខុស​ច្បាប់​នាំ​ឲ្យ​អាប់​ឱន​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ប្រទេស

អគ្គ​នគរបាល​ជាតិ ៖ បុគ្គល​ប៉ូលិស​ធ្វើ​ខុស​ច្បាប់​នាំ​ឲ្យ​អាប់​ឱន​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ប្រទេស
ច័ន្ទ, 17 មករា 2011 17:10

បន្ទាយមានជ័យ ៖ អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក​​នាយ​ឧត្ដម​សេនីយ៍​នេត សាវឿន ប្រកាស​នៅ​ក្នុង​ពិធី​តែង​តាំង​ស្នង​ការ​នគរ​បាល​​ថ្មី​នៅ​ខេត្ត​បន្ទាយ​មាន ​ជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែ​មករា​នេះ បាន​សម្ដែង​ការ សោក​ស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​ប៉ូលិស​ខ្លះ​ដែល​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍​ឈ្មោះ​ប៉ូលិស​ទូទាំង​ ប្រទេស។

ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ទង្វើប៉ូលិស​ណា ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​ធ្វើ​ឲ្យ​ខូច​មុខមាត់​រាជរដ្ឋាភិបាល និង មុខមាត់​ប៉ូលិស​ទូទាំង​ប្រទេស​ដែល​គេ​ធ្វើ​ល្អ។ ដូច្នេះ​ទង្វើ​របស់​ប៉ូលិស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវ​តែផ្ដន្ទាទោស​មិន​អាច​អត់ឱន​បាន​ឡើយ ទោះ​បុគ្គល​នោះ​​ស័ក្ដិ​ប៉ុណ្ណា ឬ​ខ្នង​ប៉ុណ្ណា​ក៏​ដោយ។

លោក​នេត សាវឿន បាន​ផ្ដាំផ្ញើ​ឲ្យ​ស្នង​ការ​ដែល​ឡើង​ថ្មី ត្រូវ​ប្ដេជ្ញា​ចិត្ត​ឲ្យ​ធ្វើ​ល្អ ដើម្បី​លើក​មុខមាត់​ប៉ូលិស​ដែល​ធ្លាក់​ចុះ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ ហើយ​ពង្រឹង​កេរ្ដិ៍​ឈ្មោះ​ប៉ូលិស​ឡើង​វិញ តាមរយៈ​ការ​ពង្រឹង​សន្ដិ សុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ជា​ប្រយោជន៍​ប្រជាពល រដ្ឋ​ទូទៅ។

លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​នៅ​ក្នុង​ពិធី​នោះ​ថា អ្នក​ដែល​ឡើង​កាន់ តំណែង​ថ្មី គឺជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ធ្វើ​ឲ្យ​សន្តិសុខ​នៅ​ក្នុង​ខេត្ត​នេះ​ ទាំងមូល​បាន​ប្រសើរ​ឡើង។ លោក អ៊ុង អឿន​និយាយ​ថា ខេត្ត​របស់​យើង​កំពុង​ត្រូវ​ការ​អ្នក​ខ្លាំង​ពូកែ​ដើម្បី​ជួយ​ការពារ​ សន្តិសុខ សណ្ដាប់​ធ្នាប់ នៅ ក្នុង​ខេត្ត​នេះ​ទាំងមូល​សម្រាប់​ប្រជាពលរដ្ឋ។

តំណែង​ដែល​ត្រូវ​ឡើង​កាន់​ជា​ស្នងការ​ថ្មី​នៅ​ខេត្ត​ បន្ទាយ​មាន​ជ័យ គឺ​លោក​ខេង ស៊ុំ ​មក​ពី​​ស្នង​ការ​រង​ខេត្ត​សៀមរាប។ លោក​ស្នង​ការ​ថ្មី​រូប​នេះ បាន​ឡើង​ប្ដេជ្ញា​ចិត្ត​ថា នឹង​ពង្រឹង​សមត្ថភាព​ប៉ូលិស​ឡើង​វិញ ដើម្បី​លើក​មុខ​មាត់​ប៉ូលិស​ដែល​បាន​អាប់​ឱន​កន្លង​មក តាមរយៈ​ការ​ព្យាយាម​និង​ខំ​ប្រឹង​ការពារ​សន្តិសុខ ជូន​ប្រជា​ជន​​នៅ​ក្នុង​ខេត្ត​នេះ​ទាំង​មូល៕

ឫទ្ធី- អ.ពៅ

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes