ប៉ូលិស​​ទំនើង​​ស័ក្តិ​​៤​កន្លះ​​ដេញបាញ់​មនុស្ស​ផ្អើល​​​ពេញ​ហាង​


ដោយ ៖ កោះឯករាជ្យ

ថ្ងៃ សុក្រ ទី ១៤ ខែ មករា ឆ្នាំ ២០១១


(​រូបថត រក្សា​)





ខេត្តបន្ទាយមានជ័យ ៖ ​លោកប៉ូលិស​​ស័ក្តិ​​​៤​កន្លះម្នាក់ ​នាយ​ការិយាល័យ​​ប្រឆាំង​​ភេរវ​កម្ម​​​​ដែល​គេ​ស្គាល់​ថា​ជាកូនប្រុស​​អតីត​ស្នង​ការ​នគរបាល​​​ និង​ជា​អភិបាល​​រង​ខេត្ត​​បន្ទាយ​មាន​ជ័យ​ផងនោះ ​ត្រូវសមត្ថ​កិច្ច​​​​​​​ចាប់ខ្លួន​​​​ជាប់ចោទ​​ពីបទ​ប្រើប្រាស់​​​​អាវុធ​​ខុសច្បាប់​​បាញ់​បោះ​សេរី និង​ធ្វើសកម្មភាព​​ដេញ​បាញ់​ម្ចាស់​ភោជនីយដ្ឋាន​​​ជំនោរ​សែសិន ដែលជា​​ភោជនីយ​ដ្ឋាន​​​មួយ​កន្លែង​​​ទំនើប​ជាង​គេ​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ​បណ្តាល​ឱ្យ​​​មនុស្ស​​​រត់ជាន់គ្នា ខណៈ​កំពុង​​​​​​សប្បាយ​​​ក្នុងពិធី​​​ជប់លៀង​​​ដែលក្នុង​ឱកាស​​​នោះ​​នាយក្រឹម​​ តារា​កំប្លែង​​ល្បីឈ្មោះ​​ក៏​រត់​​​ព្រលឹង​ចុងសក់​នឹង​គេដែរ ប៉ុន្តែ​​ក្រោយ​មក​​ នាយក្រឹម​​​បាន​លួងលោម​​ឱ្យ​បុរស​​ជើងខ្លាំង​នោះ ដាក់​កាំភ្លើង​ចុះ​វិញទើប​​ឈានទៅ​​ចាប់ខ្លួន ។​

ហេតុការណ៍​​បាញ់​បោះ​​សេរី​ដូច​​អ្នក​លេង​ខូវ​ប៊យ​នេះ​បានកើតឡើង​ កាលពី​​វេលាម៉ោង​​១០​​កន្លះយប់ ​ថ្ងៃទី​​​១៣ មករា ២០១១ ធ្វើ​ឱ្យ​ពិធី​​ជប់​​លៀង​​សប្បាយ​​ក្លាយ​​ជា​រាត្រី​​ព្រលឹង​ចុងសក់​​ ។ ​អ្នក​ខេត្ត​បន្ទាយ​មានជ័យ​​បានអះអាង​ថា ប៉ូលិស​​ទំនើង​​រូបនេះ​​តែង​តែ​​​បង្ករឿង​​​រ៉ាវ​បាញ់​បោះជាច្រើន​​លើក ច្រើនសា​ពុំខ្លាច​​ញញើត​​ច្បាប់​អ្វី​ទេ ឱ្យតែ​​​ផឹកស៊ី​ស្រវឹងម្តងៗ ​រហូត​ដល់​​អ្នក​ស្គាល់​​​គ្នា​​លែង​ហ៊ាន​​ផឹក​ជា​មួយ​​ទៅហើយ ។​ សកម្មភាព​បាញ់បោះ​​សេរីនោះ​កើតឡើង​​​ក្នុង​​ពិធីជប់លៀង​​ឡើងកាន់មុខ​តំណែង​​របស់លោក​​ប្រធាន​មន្ទីរអប់រំ​​យុវជន​​ និងកីឡា​ខេត្ត​បន្ទាយ​មានជ័យថ្មី ដោយ​បានរៀបចំ​​នៅ​​ភោជនីយដ្ឋាន​​ជំនោរ​​សែនសិន ក្នុងនោះ​​មានលោក​ឧកញ៉ា​​ តារា​កំប្លែង​​ល្បីឈ្មោះ​​លោកអ៊ូ ប៊ុណ្ណារ៉ាត់ ​ហៅ​នាយ​​ក្រឹម ​មន្ត្រី​​អប់រំ​ ​លោកគ្រូ ​មន្ត្រីគយ ​កង​រាជ​អាវុធ​ហត្ថ​​​ និងបុគ្គលិក​​ភោជនីយដ្ឋាន​​​ចូលរួម​​សប្បាយ​​យ៉ា​ងច្រើន​​កុះករ ។

បន្ទាប់​​ពី​កើត​មាន​​ជម្លោះ​​ពាក្យ​សំដី​​ហើយ​ឈាន​ទៅដល់​​​​​ការ​បាញ់​​បោះ​​ប្រហែល​​១០គ្រាប់ ​ធ្វើ​​​ឱ្យ​​មនុស្ស​​​​ទាំង​នោះ​​ខ្លះ​​លូន ក្រាប រត់បាត​ជើង​សព្រាត សូម្បីតែ​​​តារា​កំប្លែង​​ដ៏​ល្បី​​ឈ្មោះ​​នាយ​ក្រឹម​​ក៏រត់​​ស្ទើរ​​តែ​លស់​​ព្រលឹង​​ផងដែរ​...​​ប៉ុន្តែ​​ក្រោយ​មក​បាននាយក្រឹម​​​នេះ​ឯង​​ទៅលួងលោម​​ប៉ូលិស​ស័ក្តិ​​៤កន្លះ​​​ទំនើង​ឱ្យទំលាក់​កាំភ្លើង​​​ចុះ រួច​ហើយ​ឈានទៅ​​ធ្វើការ​ចាប់ខ្លួនតែ​ម្តង គឺ​ប៉ូលិស​​ទំនើង​​នេះឈ្មោះ​​សុខ ​សុគន្ធ ត្រូវ​បាន​​ឃុំ​ខ្លួន​​នៅការិយាល័យ​​បុគ្គលិក​ដើម្បីរៀប​ចំ​​បែបបទ​​​បញ្ជូនទៅ​ការិយាល័យ​​​​វិន័យ​របស់កង​កំលាំង​​នគរបាល​​ជាតិ និង​​​រង់ចាំ​​គោលការណ៍​​ពីថ្នាក់​លើ ចាត់ការ​តាមច្បាប់ ៕​

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes