ក្រុម​អាវ​លឿង​ថៃ​ធ្វើ​បាតុកម្ម​ទាមទារ​កម្ពុជា​ដោះលែង​មនុស្ស

ដោយ សួន សុផល មុន្នី (RFA)
2011-01-03

ក្រុម ​បាតុករ​អាវ​លឿង​ថៃ បាន​បន្ត​គំរាម​លើក​គ្នា​ធ្វើ​បាតុកម្ម​នៅ​ជិត​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ ស្រះ​កែវ​ថៃ ជាប់​ខេត្ត​បន្ទាយ​មានជ័យ ប្រទេស​កម្ពុជា។

អាជ្ញាធរ​ខ្មែរ-ថៃ បាន​បន្ត​កិច្ច​ការ​ការ​ពារ​តាម​ខ្សែ​ក្រវាត់​ព្រំដែន នៃ​ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ស្រះ​កែវ​ថៃ​ថែម​ទៀត បន្ទាប់​ពី​ក្រុម​បាតុករ​អាវ​លឿង​ថៃ ព្រមាន​ថា ដឹក​នាំ​ក្បួន​ដង្ហែ​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​តំបន់​ព្រំដែន នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មករា ឆ្នាំ​២០១០ នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដោះ​លែង​ជន​ជាតិ​ថៃ ៧​នាក់។

លោក​ឧត្ដមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បាន​ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​ខ្មែរ ក្នុង​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ទី​៣ ខែ​មករា ឆ្នាំ​២០១០ ថា ក្រុម​អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​ថៃ នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ការ​ពារ​សន្តិសុខ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ ពីរ ៖ «ខាង​ភាគី​ថៃ​ក៏​គាត់​មាន​វិធានការ​ទប់​ស្កាត់​មិន​ឲ្យ​អា​ក្រុម​ ហ្នឹង​ចូល​មក​ធ្វើ​អី​ដល់​ព្រំដែន​យើង​ដែរ​ទេ គ្រាន់​តែ​ផ្លូវ​ខាង​ភាគី​ថៃ លោក​បាន​បិទ​មិន​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​ចូល​ទៅ​ធ្វើ​ការ​មួយ​ថ្ងៃ ត្រឡប់​មក​ល្ងាច​វិញ​នោះ​ទេ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ប៉ះ​ដោយ​សារ​តែ​កម្លាំង។ ក្រុម​អាវ​លឿង​នោះ​គេ​គ្រោង​ចុះ​មក​ធ្វើ​បាតុកម្ម​នៅ​ចំណុច​បណ្ដោយ​ព្រំដែន​ នេះ»។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ មករា​នេះ​ថា លោក ឆាយ​វ៉ាត់ ស៊ីន​សូវង់ (Chaiwat Sinsuwong) មេ​ដឹក​នាំ​បណ្ដាញ​ក្រុម​អាវ​លឿង​ថៃ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​អាវ​លឿង​ថៃ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត ​ស្រះ​កែវ​ថៃ នៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដោះ​លែង​ជន​ជាតិ​ថៃ ៧​នាក់ រួម​ទាំង​មេ​ដឹក​នាំ​ក្រុម​អាវ​លឿង​ថៃ​ម្នាក់​ផង។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​បន្ត​ថា លោក​ឧត្ដមសេនីយ៍ វាល​លិត រូចា​ណាប់​ផាក​ឌី (Walit Rojanapakdee) មេ​បញ្ជាការ​កង​ទ័ព​ថៃ បាន​ព្រមាន​ក្រុម​បាតុករ​អាវ​លឿង​ថៃ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​និង​រដ្ឋាភិបាល​កម្ពុជា​ នៅ​ជិត​តំបន់​ព្រំដែន​ទេ។

លោក វាលលិត បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ពិភាក្សា​ជា​មួយ​អភិបាល​ខេត្ត​ស្រះ​កែវ​ថៃ ទាក់​ទិន​ការ​ស្នើ​សុំ​លើក​ក្បួន​ដង្ហែ​ធ្វើ​ការ​តវ៉ា​របស់​ក្រុម​អាវ​លឿង​ ថៃ នៅ​ក្នុង​ស្រុក​គោក​សួង​ថៃ។ ហើយ​គេ​មិន​ចង់​ឲ្យ​ក្បួន​តវ៉ា​នោះ ធ្វើ​ឡើង​នៅ​ជិត​តំបន់​ព្រំដែន​ខ្មែរ-ថៃ​នោះ​ទេ ពី​ព្រោះ​វា​អាច​បង្កើត​បញ្ហា​ច្រើន​សម្រាប់​អ្នក​រស់​នៅ​ទី​នោះ។

មន្ត្រី​យោធា​ខ្មែរ​បាន​ចាប់​ជន​ជាតិ​ថៃ ៧​នាក់ ក្នុង​នោះ​មាន​អ្នក​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ក្នុង​ពេល​ដែល​ពួក​គេ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។ ជន​ជាតិ​ថៃ​ទាំង ៧​នាក់​ត្រូវ​បាន​តុលាការ​ខ្មែរ​ក្រុង​ភ្នំពេញ​សួរ​ចម្លើយ​រួច​ឃុំ​ខ្លួន​ បណ្ដោះអាសន្ន​នៅ​គុក​ព្រៃស ដើម្បី​រង់ចាំ​ធ្វើ​ការ​ស៊ើប​អង្កេត។

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​មាន​ប្រសាសន៍​ថា ការ​ព្រមាន​ធ្វើ​បាតុកម្ម​តវ៉ា​របស់​ក្រុម​អាវ​លឿង​ថៃ បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​កង​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ៧​នាក់ ដែល​បាន​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់។ លោក​បាន​បន្ត​ថា រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ការ​ព្រមាន​របស់​ក្រុម​បាតុករ​អាវ​លឿង ដើម្បី​លើក​គ្នា​មក​ធ្វើ​ការ​តវ៉ា​នោះ មិន​ឃើញ​កើត​មាន​ឡើយ ៖ «បាន​ន័យ​ ថា វា​ប្រឆាំង​នឹង​រដ្ឋាភិបាល​វា ដើម្បី​ផល​ប្រយោជន៍​គណ​បក្ស​វា ព្រោះ​យើង​ដឹង​ហើយ​នៅ​ពេល​នោះ វា​ក៏​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដែរ នៅ​ពេល​ខាង​មុខ ដូច្នេះ​ហ្នឹង​ហើយ​ជា​នយោបាយ ដើម្បី​អូស​ទាញ​សន្លឹក​ឆ្នោត​ថា វា​ហ្នឹង​អ្នក​ស្នេហា​ជាតិ​ខ្លាំង​ជាង​គេ​ហ្នឹង​ណា ដូច្នេះ​ហើយ​អា​ហ្នឹង​ល្បិច​នយោបាយ​ដើម្បី​ផល​ប្រយោជន៍​គណ​បក្ស»។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១០ មេ​បញ្ជាការ​យោធភូមិភាគ​ទី​៥ របស់​កម្ពុជា និង​មេ​បញ្ជា​ការ​យោធភូមិ​ភាគ​ទី​១ របស់​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ស្រុក​អារ៉ាញ់ ខេត្ត​ស្រះ​កែវ​ថៃ ដើម្បី​សម្រួល​សភាព​ការណ៍​នៅ​តាម​តំបន់​ព្រំដែន​ក្នុង​បន្ទាយ​មាន​ជ័យ​ខ្មែរ និង​ខេត្ត​ស្រះ​កែវ​ថៃ។

ក្រោយ​ពី​ជំនួប​នោះ មន្ត្រី​យោធា​ខ្មែរ និង​យោធា​ថៃ បាន​ចុះ​ទៅ​កាន់​ភូមិ​សាស្ត្រ​នៅ​តំបន់​ព្រំដែន នៃ​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា ជាប់​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​ពិនិត្យ​មើល​ទី​កន្លែង​ដែល​កង​ការ​ពារ​ព្រំដែន រដ្ឋាភិបាល​ខ្មែរ​បាន​ចាប់​ជន​ជាតិ​ថៃ ៧​នាក់ ហើយ​ទទួល​ស្គាល់​ថា ជន​ជាតិ​ថៃ​ទាំង ៧​នាក់​នោះ​បាន​ឆ្លង​ដែន​ខុស​ច្បាប់​រំលោភ​ចូល​ក្នុង​ទឹក​ដី​ខ្មែរ។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៣ ខែ​មករា ឆ្នាំ​២០១០ នេះ​ថា លោក អាប​ភីស៊ិត វាចាជីវា (Abhisit Vejjajiva) នាយក​រដ្ឋ​មន្ត្រី​ថៃ គ្រោង​ដឹកនាំ​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ដើម្បី​ពិភាក្សា​លើ​ករណី​ជន​ជាតិ​ថៃ ៧​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០។ កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយ​ការណ៍​ថា លោក អាប់​ភីស៊ិត វាចាជីវា នាយក​រដ្ឋ​មន្ត្រី​ថៃ​មាន​គម្រោង​ការ​ជួប​ចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិភាក្សា​លើ​ករណី​ជន​ជាតិ​ថៃ ៧​នាក់ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes